វ៉ាន់ឌី! នេះជាឈ្មោះរបស់ខ្ញុំ តែពេលនេះមិនសូវមានអ្នកស្គាល់ឈ្មោះនេះ ឬហៅខ្ញុំបែបនេះទៀតដែរ។ ពេលខ្លះមានគេហៅ វ៉ាន់ឌី ខ្ញុំសឹងតែភ្លេចខ្លួនទៀតផងថាគេហៅខ្ញុំ។ ឌីយ៉ា! នេះហើយដែលខ្ញុំទទួលស្គាល់ខ្លួនឯងជាមនុស្សថ្មី។ វ៉ាន់ឌីកាលពីអាយុ ៦ឆ្នាំដល់ ១៣ឆ្នាំ គេធ្លាប់តែអានសៀវភៅ ចូលចិត្តការសំដែង រាំច្រៀង រស់នៅយ៉ាងរីករាយ។ ឌីយ៉ា អាយុ ១៤ឆ្នាំ ដល់ ២៧ឆ្នាំ គេជាមនុស្សម្នាក់ផ្សេងទៀត។ ទោះបីពេលខ្លះ វ៉ាន់ឌីតែងតែមកកំសាន្តអារម្មណ៍គេយ៉ាងណាក៏ដោយ ក៏ឌីយ៉ានៅតែមិនអាចត្រឡប់ទៅដូចពេលមុនបាន។ ពេលនេះ វ៉ាន់ឌី និងឌីយ៉ាហាក់ដូចជាបែកគ្នាឆ្ងាយណាស់ហើយ។
ឌីយ៉ា! បច្ចុប្បន្នមានការងារច្រើនក្នុងដៃ។ មានមនុស្សជាច្រើនប្រាប់ថា អ្វីដែលគេចូលចិត្ត អ្វីដែលធ្វើឲ្យគេរំភើប និងគ្មានការធុញទ្រាន់ក្នុងការធ្វើនោះ សុទ្ធសឹងជារបស់គ្មានប្រយោជន៍ គ្មានតម្លៃស្មើនឹងអង្ករមួយកំប៉ុងផង។ គេក៏ជឿ ហើយគេក៏ដើរចេញតាមទិសដៅផ្សេងមួយទៀត ដែលនៅតាមផ្លូវនោះគ្មានផ្កា គ្មានវាលស្មៅ គ្មានទឹកស្ទឹងថ្លាឆ្វង់ទៀតឡើយ។
ឌីយ៉ា! ពេលនេះជាមនុស្សម្នាក់ដែលមានជំនួញក្នុងដៃ មានមនុស្សដែលត្រូវមើលការខុសត្រូវ និងត្រូវណែនាំ។ គេមិនអាចបង្ហាញពីភាពកំសោយរបស់គេច្រើនឡើយ។ ផ្លូវដែលឌីយ៉ាកំពុងដើរនេះ ហាក់តែលតោលណាស់។ សាកស្រម៉ៃទៅមើល ពេលដែលមនុស្សម្នាក់រៀបការនិងមនុស្សម្នាក់ទៀត គេប្រាកដជាត្រូវការម្នាក់នោះជាអ្នកដែលអាចស្ដាប់នូវគ្រប់យ៉ាងដែលគេនិយាយ និងអាចជួយគេបាន។ ពេលនេះវិញ ឌីយ៉ា ហាក់កំពុងរៀបការជាមួយមនុស្សចម្លែកជាច្រើន ដែលគេខ្លួនឯងមិនអាចប្រាប់ថាគេហត់ និងនឿយខ្លាំងណាស់។ អ្នកទាំងនោះជាមនុស្សល្អ ប៉ុន្តែឌីយ៉ាហាក់មិនដឹងថា តើបេះដូងអ្នកទាំងនោះមានពណ៌ក្រហម ឬក្រហមឆ្អិនឆ្អៅនោះឡើយ។ ប្រហែលពេលវេលាទើបអាចជួយបាន...
ឌីយ៉ា! អ្នកណាហៅខ្ញុំហ្នឹង? គឺវ៉ាន់ឌី! វ៉ាន់ឌីស្រាប់តែសួរខ្ញុំថា តើខ្ញុំសុខសប្បាយជាទេ? អត់ទេ! ខ្ញុំលែងនៅក្បែរម៉ាក់ទៀតហើយ ហើយក៏មិនទាន់រកឃើញអ្នកណាដែលស្រលាញ់ឌីយ៉ាដូចម៉ាក់ដែរ។ ឌីយ៉ាប្រៀបដូចជាសត្វបក្សីដែលដុះស្លាបមាំហើយហើរយ៉ាងខ្ពស់ត្រដែតឃ្លាតពីសំបុក។ ជីវិតគឺត្រូវតែបែបហ្នឹង។ តែដើម្បីមានជម្រកថ្មី ដើម្បីមានភាពកក់ក្ដៅ ឌីយ៉ាមិនអាចនៅម្នាក់ឯងបានទេ។ ប៉ុន្តែហេតុអ្វីបានជាគ្រាន់តែរកមនុស្សម្នាក់ទៀតដែលល្អដូចម៉ាក់មករស់នៅក្បែរ អីក៏ពិបាកម៉្លេះ?
ហ៊ឺមៗៗ! វ៉ាន់ឌីកំពុងតែយំ! ទោះឌីយ៉ា និងវ៉ាន់ឌី បែកពីគ្នាយូរយ៉ាងណាក្ដី តែឌីយ៉ានៅតែស្រលាញ់វ៉ាន់ឌីជានិច្ច។ ឌីយ៉ាដឹងថា វ៉ាន់ឌីកំពុងតែអាណិតឌីយ៉ាណាស់។ វ៉ាន់ឌីអាណិតឌីយ៉ាដែលត្រូវរស់ក្នុងសភាពបែបនេះ។
កុំយំអី វ៉ាន់ឌី! មិនមែនមានតែឌីយ៉ាទេ ដែលពិបាកនោះ។ អ្នកណាក៏ពិបាកដែរ។ ឌីយ៉ាក៏កំពុងបង្កើតក្ដីសុខក្នុងជីវិតដែរតើ។ ថ្វីបើគ្រប់យ៉ាងមិនអាចដូចមុន តែគ្រប់យ៉ាងក៏មិនចាំបាច់ត្រូវដូចពីមុនដែរ។ រៀនរស់បង្កើតក្ដីសុខថ្មីៗវាប្រសើរជាងស្រវារចាប់យកស្រមោលអតីតកាលដ៏ផូរផង់។ វ៉ាន់ឌីជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់ ឯឌីយ៉ាជាមនុស្សដែលមិនអាចទទួលយកអ្វីដែលជាខ្លួនឯង ហើយតម្រង់ផ្លូវខ្លួនឯងឲ្យទៅរកសុភមង្គលថ្មី។ យ៉ាងណា ឌីយ៉ាក៏មិនភ្លេច វ៉ាន់ឌីដែរ។ អ្វីដែលឌីយ៉ាកំពុងធ្វើពេលនេះ គឺតែងតែយកវ៉ាន់ឌីដ៏ក្លាហានជាគំរូជានិច្ច។
ឈប់យំទៅ វ៉ាន់ឌី...
ឈប់យំទៅ វ៉ាន់ឌី...
កំណត់ហេតុ ឌីយ៉ា